ខេត្តកណ្តាល. សំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេ នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដែលធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាកជាច្រើនលើកច្រើនសារមកហើយនោះ មកដល់ពេលនេះ គេង្កេតឃើញម្ចាស់នៅតែបន្តឲ្យក្រុមជាងសាងសង់យ៉ាងញាប់ដៃញាប់ជើង មិនរំខានដល់អាជ្ញាធរ និងមន្ត្រីជំនាញបន្តិចសោះឡើយ ។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ ប្រជាពលរដ្ឋបានរាយការណ៍អង្គភាពសារព័ត៌មានយើងថា ទីតាំងសំណង់ល្មើសច្បាប់ខាងលើ មិនបានផ្អាកសកម្មភាពនោះទេ មានតែសម្រុកធ្វើបន្ថែម ពិសេស បាននឹងកំពុងចាក់បណ្តុះសរសរឡើងទៅលើកាន់តែខ្ពស់ទៅៗហើយ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើឃើញថា ពិតជាដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតមែន មិនតែប៉ុណ្ណោះ នៅពេលដែលក្រុមអ្នកសារព័ត៌មានកំពុងថតផ្តិតយករូបភាពសំណង់ល្មើសច្បាប់មួយនេះ ស្រាប់តែក្រុមជាងបានយកដុំថ្ម និងជំពាម គប់ និងបាញ់ សំដៅមកលើអ្នកសារព័ត៌មានថែមទៀត ប៉ុន្តែមិនត្រូវ ក៏ខ្ទាតទៅប៉ះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ ។
មហាជនដាក់ការសង់សង្ស័យថា មូលហេតុដែលម្ចាស់សំណង់នៅតែបន្តសាងសង់បានយ៉ាងរលូបបែបនេះ ទំនងជាមានការឃុតឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ហើយការចុះផ្អាកកន្លងទៅ ក៏ប្រហែលគ្រាន់តែធ្វើឲ្យល្អមើល នៅពេលដែលមានអ្នកសារព័ត៌មានចុះផ្សាយតែប៉ុណ្ណោះ ហើយម្ចាស់សំណាង់មួយនេះ មិនដឹងជាមានខ្សែ មានខ្នង ធំប៉ុណ្ណានោះទេ ព្រោះបើសិនជាប្រជាពលរដ្ឋធម្មតាវិញ ហ៊ានតែសាងសង់សំណង់រឹងចូលទន្លេតែបន្តិចសាកមើល ច្បាស់ជាអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាក នឹងរឹបអូសសម្ភារៈពួកគាត់ជាក់ជាមិនខាន ។
ពាក់ព័ន្ធនឹងសំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេនេះដែរ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ដោយទទួលបាននូវការរាយការណ៍ពីមន្រ្តីជំនាញសាលាខេត្ត និងលោកអភិបាលក្រុងតាខ្មៅ គឺកន្លងមករដ្ឋបាលក្រុងបានផ្អាកពិតមែន តែក្នុងកំឡុងពេលចូលឆ្នាំ ម្ចាស់សំណង់បានលួចសាងសង់ ដូចនេះ រដ្ឋបាលក្រុងតាខ្មៅនឹងចាត់វិធានការចុះផ្អាកមិនឲ្យសាងសង់នាល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក ។
មហាជនកំពុងរង់ចាំមើលថា តើរដ្ឋបាលខេត្តកណ្តាល មានសមត្ថភាពធ្វើការលឿនរហ័ស ដូចរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តផ្សេងៗទៀតដែរ ឬទេ ? ពោះទីតាំងសំណង់ខាងលើ បើនិយាយពីការចុះផ្អាកវិញរាប់ភ្លេចទៅហើយ ហើយមន្ត្រីពាក់ព័ន្ធវិញ បានត្រឹមនិយាយថា រង់ចាំសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តសិន តើវិធានការផ្លូវច្បាប់ ទៅលើសំណង់ល្មើសច្បាប់ឃើញនឹងភ្នែក មានទាំងរូបភាពឯកសារបែបនេះ ត្រូវការពេលវេលារាប់ខែ ឬយ៉ាងណា ?