ឧត្តរមានជ័យ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកូនអូរមួយ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៣រសៀល នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ដោយយោងតាមកំណត់ហេតុរបស់កម្លាំងជំនាញប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ អូន អាន អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ស្ត្រីរងគ្រោះស្លាប់ដោយករណីប្លន់សម្លាប់ ដោយនារីរងគ្រោះបានបាត់បង់នូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E 3388 ទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង និងថវិការប្រហែល១លានរៀល បន្ទាប់ពីជនដៃដល់ធ្វើសកម្មភាពប្លន់សម្លាប់បានសម្រេច ជនដៃដល់ក៍បានរត់គេចខ្លួនបាត់ដោយសុវត្ថភាព ។
លុះព្រឹកនាថ្ងៃទី១៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានស្រាវជ្រាវដឹងថា ជនដៃដល់កំពុងសំងំគេចខ្លួននៅក្នុងខេត្តកំពុងធំ ។ ដោយមានការចង្អុលបង្ហាញពី
លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្នងការខេត្តឧត្តរមានជ័យ និងស្នងការស្រាវជ្រាវ បង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាទាំងពីរខេត្ត ទើបឈានដល់ការចាប់ខ្លួនជនដៃដល់បានសម្រេច ព្រមទាំងវត្ថុតាងរបស់ជនរងគ្រោះ មានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ហើយកំពុងបញ្ជូនមកទីបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តរទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់
គួរបញ្ជាក់ថា ជនដៃដល់ខាងលើឈ្មោះ សេង ឃាតភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ៕