ខេត្តតាកែវ៖ លោក ភួង ឡេង ស្មៀនឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានច្រានចោលឯកសារដែលលោកមេឃុំសូភីបោះត្រានិងចុះហត្ថលេខាកាលពីអំឡុងឆ្នាំ១៩៩៧។
ជាកាពិតណាស់លោក ហួយ ភី បានទិញដីពីលោក ទឹម ញ៉ាន និង ភរិយាឈ្មោះ ហ៊ូ បួយ តាំងពីថ្ងៃទី ៧ ខែ៦ ឆ្នាំ ១៩៩៧ ដែលមានបណ្តោយប្រវែង ២៥ម៉ែត្រ ទទឹង ២០ម៉ែត្រ ផ្ទៃសរុបស្មើនឹង ៥០០ម៉ែត្រការ៉េ តម្លៃ បួនជីប្រាំហុនមាស ដែលមានកិច្ចសន្យាលក់ផ្តាច់ដែលទទួលស្គាល់ហត្ថលេខានិងបោះត្រា
ពីលោក ជួប សុជាប មេឃុំសូភី ដែលបានចុះបញ្ជីលិខិតលេខ ១៧៥/៩៧ ។
លោក ហួយ ភី និងក្រុមគ្រួសារតែងតែមកសែនផ្នូរជារៀងរាល់ឆ្នាំ ស្រាប់តែនៅដើមឆ្នាំ ២០២០ លោក ហួយ ភី និងក្រុមគ្រួសារបានមកមើលម៉ុង(ផ្នូរ)ជីដូនជីតានិងដីដែលបានទិញនៅពីមុខម៉ុង ស្រាប់តែមានអ្នកជិតខាងខ្សិបប្រាប់ថាដីនេះឃើញមានមន្ត្រីឃុំសូភីឧស្សាចុះមកមើល លោក ហួយ ភី ក៍ប្រញ៉ាប់ទៅសាលាឃុំដើម្បីសួរនាំស្រាប់តែលោក ភួង ឡេង ស្មៀនឃុំសូភី បានប្រាប់ថាដីនេះលោកបានដាក់ចូលជាសម្បត្តិរដ្ឋបាត់ទៅហើយ។
លោក ហួយ ភី បានបង្ហាញឯកសារទិញដីដែលមាន ហត្ថលេខា និង បោះត្រា ពីលោក ជួប សុជាប អតីតមេឃុំកាលពីឆ្នាំ១៩៩៧ តែលោក ភួង ឡេង ស្មៀនឃុំសូភី បច្ចុប្បន្នមិនព្រមទទួលស្គាល់ ហត្ថលេខានិងត្រានោះទេ ដោយស្មៀនរូបនេះបានប្រាប់មកអ្នកសារព័ត៌មានថា ឯកសារទិញលក់សម័យមេឃុំឆ្នាំ១៩៩៧ធ្វើនោះគ្រាន់តែឱ្យអ្នកទិញអស់ចិត្តតែប៉ុណ្ណោះ។
លោក ហួយ ភី ដែលបានទិញដីស្របច្បាប់និងកាន់កាប់តាំងពីឆ្នាំ១៩៩៧មក បានស្នើសំដល់លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយរកយុត្តិធម៌និងផ្តល់ដីមកជូនគាត់វិញដោយក្តីគោរព។