ក្រុងប៉ោយប៉ែត៖ម្ចាស់ហាងលក់មាសលក់ពេជ្រ ថុង រស្មីហៅមនោរម្យ ដែលមានហាងមាសពេជ្រ វេរ ប្តូរប្រាក់ផ្ទះលេខ១៨៩ ស្ថិតនៅប៉ោយប៉ែតហៅផ្សារអគ្គ ភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ (ខាលិចផ្សារអគ្គះ)ពីរនាក់ប្តីប្រពន្ធ ដែលប្តីមានឈ្មោះ ចុង រស្មី ហៅមុីនិងប្រពន្ធមានឈ្មោះ មុយឡេង ហៅចែឡេង បានបិទទ្វារហាងរត់គេចខ្លួនជាមួយលុយរាប់លានដុល្លារ ធ្វើអោយអ្នកដែលយកប្រាក់ទៅផ្ញើដើម្បីយកការប្រាក់ប្រចាំខែ ផ្អើលឆោឡោ ពេញក្រុងប៉ោយប៉ែត ដល់ខេត្តបាត់ដំបង សុះសាយពេញផ្ទៃប្រទេស ខ្លះយំបោកខ្លួន ខ្លះខូចចិត្តត្បិតចាញ់បោកគេព្រោះតែចង់បានការប្រាក់ ស្ទើរឆ្កួត ព្រោះតែអស់ប្រាក់ពីខ្លួនរលីងគ្មានសល់។
ម្ចាស់ហាងខាងលើ ដែលមានផ្ទះសំណាក់ មានហាងលក់មាសពេជ្រ មានតារាងបាល់ទះបាល់ទាត់ មានសាលាបង្រៀនឯកជន គឺជាកំពូលអ្នកមានលុយមានមុខមានមាត់ ធ្វើអោយអតិថិជនមានជំនឿយ៉ាងមុតមាំ នាំគ្នាសម្រុកយកលុយទៅដាក់ ដើម្បីយកការប្រាក់ព្រោះបានការខ្ពស់ជាងធនាគារ ខ្លះយកប្លង់ផ្ទះប្លង់ដីកាត់គ្រីម៉ូតូឡានទៅដាក់ធនាគារ ដើម្បីប្រមូលលុយយកទៅតម្កល់ដើម្បីបានការប្រចាំខែ ខ្លះក៏បានការវិញក្រាស់ក្រែលឯខ្លះស៊យទើបតែដាក់ក៏អស់រលីង បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ហេីយក៏មានអ្នកខ្លះសំណាងល្អប្រុងនឹងដាក់តែដាក់មិនទាន់គេលាទៅមុនបាត់។
ក្រោយពីម្ចាស់ហាងខាងលើបិទទា្វរផ្ទះ ទូរស័ព្ទទាក់ទងមិនបាន បណ្តាលអោយមានការភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា ម្ចាស់ហាងដ៏ស្តុកស្តម្ភបិទសាប៊ូទៅដោយមិនបានលា បាត់សូន្យឈឹង ធ្វើម្ចាស់លុយដែលផ្ញើយកការប្រាក់ ប្រកាសតាមហ្វេសបុកតាមរកនឹងស្នើអោយសមត្ថកិច្ចតាមចាប់ខ្លួនពីរនាក់ប្តីប្រពន្ធខាងលើនេះទៀតផង ហើយក៏មានជនរងគ្រោះជាច្រើនអ្នកទៀតទៅប្តឹងសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតផងដែរ ៕